Sunday, May 27, 2012

កូន​ខ្មែរ​នៅ​អាមេរិក Jay Chan កំពុង​វាយ​លុក​ទីផ្សារ​អាមេរិក​តាម​រយៈ​បទ «ចម្លើយ​ចុង​ក្រោយ»

postkhmer សេត គឹមសឿន បូស្តុន/កាលីហ្វ័រនីញ៉ាៈ ទោះ​បី​មិន​ទាន់​ចេញ​ជា CD ឬ​DVD តែ​បទ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ជា​ភាសា​ខ្មែរ​ដែល​មាន​ចំណង​ជើង​ថា «​ចម្លើយ​ចុង​ក្រោយ» (The Final Answer) របស់​តារា​ចម្រៀង​កូន​ខ្មែរ​នៅ​អាមេរិក​លោក ឆេយ ចេន​(Jay Chan) កំពុង​ផ្ទុះ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ ពិសេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​ដែល​បទ​ចម្រៀង​ទី១​របស់​តារា​រូប​នេះ​ស្ទើរ​តែ​ផលិត​ឡើង​មាន​គុណភាព ល្អ​ជាង​បទ​ចម្រៀង​នៅ​ក្នុង​ស្រុក​ខ្មែរ​ទៅ​ទៀត​។ Jay Chan មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ប៉ែន ចាន់​ធឿន លោក​កើត​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​១៩៨០ នៅ​ខេត្ត​បាត់ដំបង​។ ដោយ​សល់​ជីវិត​រស់​ពី​របប​ខ្មែរ​ក្រហម Jay Chan ដែល​រស់​នៅ​ជំរំ​ខាវ​ដាង តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បាន​វេច​សម្ពាយ​ជាមួយ​ម្តាយ​ និង​បង​ស្រី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ ឆ្នាំ​១៩៨៥។ ម្តាយ​របស់​ Jay Chan មាន​ឈ្មោះ​ថា ប៉ែន ចន្ថា ជា​អតីត​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​គួរ​សម​ម្នាក់​កាល​ពី​សម័យ​នោះ​។ សព្វ​ថ្ងៃ Jay Chan រស់​នៅ​ទីក្រុង​បូស្តុន រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​បម្រើ​ការងារ​ជា​ទីភ្នាក់ងារ​ស្វែងរក​ការងារ​ឲ្យ​និស្សិត​។
ការ​សាង​ជីវិត​ថ្មី​នៅ​លើ​ទឹក​ដី​អាមេរិក ទោះ​បី​ស្ថិត​ក្នុង​បរិបទ​វប្បធម៌​ថ្មី​ក្តី តែ​អ្នក​មាន​ឈាម​ជ័រ​ជាតិ​ខ្មែរ​រូប​នេះ នៅ​តែ​ដិត​ដាម​ស្នាម​វប្បធម៌​ជាតិ​ខ្លួន​ ហើយ Jay Chan ក៏​បាន​ទទួល​ការ​រៀនសូត្រ​ភាសា​ខ្មែរ​ដែល​ជា​ភាសា​កំណើត​របស់​ខ្លួន​ពី ម្តាយ និង​បង​ប្អូន​ខ្មែរ​នៅ​ជុំវិញ​ខ្លួន​។ ផ្ទុយ​ពី​ក្មេង​ដទៃ​ដែល​រមែង​និយម​បទ​បែប​រ៉េប និង​ហ៊ីប​ហប Jay Chan បែរ​ជា​ដិត​ជាប់​ក្នុង​ចិត្ត​នូវ​ទឹក​ដម​​សំនៀង​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ីសាមុត ហើយ​ជា​រឿយៗ​ក្មេង​ម្នាក់​នេះ បាន​ព្យាយាម​ហាត់​ច្រៀង​បទ «​ឯណា​ទៅ​ឋាន​សួគ៌​» តែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​ ខណៈ​ដែល​ខ្លួន​មាន​វ័យ​ទើប​តែ​១២​ឆ្នាំ​។ Jay Chan និយាយ​ថា៖«​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ និង​ច្រៀង​បទ​គាត់​(ស៊ីន ស៊ីសាមុត​) ដូច​បទ ឯ​ណា​ទៅ​ឋានសួគ៌ មួយ​យប់​ខ្ញុំ​ច្រៀង​៣-៤​ដង​ឯណោះ​»។ អ្នក​ចម្រៀង​រូប​នេះ​បន្ត​ថា៖«​យប់​មួយ​ម្តាយ​ខ្ញុំ​បាន​ឮ​ខ្ញុំ​ច្រៀង​បទ​ នេះ គាត់​លាន់​មាត់​ថា យី! ​អាអូន​ច្រៀង​ពីរោះ​ម្ល៉េះ! ដូច្នេះ​ខ្ញុំ​ក៏​កាន់​តែ​មាន​កម្លាំង​ចិត្ត​ខិតខំ​បន្ត​ទៀត​»។ ដោយ​សារ​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ និង​មាន​ចំណូល​ចិត្ត​ស្រាប់​ Jay Chan ក៏​បាន​ចំណាយ​ពេលវេលា​ពី​ការងារ​ដើម្បី​រៀន​បន្ថែម​ការ​លេង​ព្យ៉ាណូ ការ​តែង​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​។ ជា​លទ្ធផល​បន្ទាប់​ពី​ចាប់​និពន្ធ​ទំនុក​ច្រៀង​ជា​ភាសា​អង់គ្លេស Jay Chan ក៏​បាន​ចាប់​ផ្តើម​និពន្ធ​ទំនុក​ច្រៀង​ជា​ភាសា​ជាតិ​របស់​ខ្លួន។ Jay Chan និយាយ​ថា៖ «​ដោយ​ការ​ស្រឡាញ់​ ខ្ញុំ​បាន​ទៅ​រៀន​ភ្លេង​បន្ថែម។ ៥-៦​ឆ្នាំ​មុន ខ្ញុំ​បាន​តែង​ជា​បទ​អង់​គ្លេស លុះ​នៅ​ក្នុង​ឆ្នាំ​២០០៩ ខ្ញុំ​ក៏​ចាប់​ផ្តើម​សរសេរ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​ម្តង​»។ «ចម្លើយ​ចុង​ក្រោយ» គឺជា​ស្នាដៃ​ទី១​របស់​តារា​រូប​នេះ​ដែល​បាន​ថត​ជា​ចម្រៀង និង​វីដេអូ រួច​រាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ ខណៈ​ប៉ុន្មាន​បទ​ទៀត​កំពុង​ដំណើរ​ការ​ផលិត​។ ថ្វី​ត្បិត​ទើប​តែ​លេច​ចេញ​មួយ​បទ​ក្តី តែ «ចម្លើយ​ចុង​ក្រោយ​» របស់ Jay Chan បាន​ផ្ទុះ​ឡើង​នូវ​ការ​គាំទ្រ​មិន​នឹក​ស្មាន​ដល់​នៅ​លើ​ទឹក​ដី​សហរដ្ឋ អាមេរិក។ បទ​ចម្រៀង​ដែល​សរសេរ​ទំនុក​ច្រៀង​ដោយ Jay Chan និង​ធ្វើ​ទំនុក​ភ្លេង​ដោយ​ក្រុម​ការងារ​សុទ្ធ​តែ​ជា​កូន​ខ្មែរ​នៅ​អាមេរិក មួយ​នេះ ស្ទើរ​តែ​ធ្វើ​បាន​ល្អ​ជាង​ស្នាដៃ​បទ​ចម្រៀង​នៅ​ក្នុង​ស្រុក​ទៅ​ទៀត ខណៈ​ដែល​ទំនុក​ច្រៀង​បាន​ប្រើ​ពាក្យ​ពេចន៍ និង​ការ​ប្រៀប​ធៀប​យ៉ាង​ល្អ និង​ការ​ថត​វីដេអូ​ប្រើ​បច្ចេក​ទេស​ 3D ស្ទើរ​តែ​ដូច​នឹង​ការ​ពិត ជាមួយ​នឹង​ការ​កាត់​ត​រួម​បញ្ចូល​គ្នា​រវាង​អាមេរិក និង​ស្រុក​ខ្មែរ។ ប្រធាន​ទំនាក់​ទំនង​សាធារណៈ និង​ទីផ្សារ​ Jay Chan នាង Sophaline Mao និយាយ​ថា៖​«ពួក​ខ្ញុំ​ទាំង​អស់​សុទ្ធ​តែ​ជា​កូន​ខ្មែរ​ យើង​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​អស្ចារ្យ​នៅ​លើ​ទឹក​ដី​អាមេរិក យើង​ចង់​បង្ហាញ​ថា ខ្មែរ​យើង​ក៏​មិន​អន់​ដែរ​ ដូច​នៅ​ក្នុង​វីដេអូ​យើង​ធ្វើ​ឲ្យ​ផែន​ដី​រលាយ​អ៊ីចឹង គឺ​យើង​ធ្វើ​ឲ្យ​ដូច​ជា​ការ​ពិត​តែ​ម្តង​»។ មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរ​ឡើង​ថា ហេតុ​អ្វី​បាន​ជា​ Jay Chan និង​ក្រុម​ការងារ​ផលិត​បទ​ចម្រៀង​ខ្មែរ​នៅ​លើ​ទឹក​ដី​អាមេរិក​? Jay Chan ​ប្រាប់​ថា៖​«​ការ​ស្រឡាញ់​បទ​ចម្រៀង​ខ្មែរ​បាន​ផ្តើម​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​ នេះ ខ្មែរ និង​ប្រទេស​ផ្សេង​ស្តាប់​បទ​អង់គ្លេស តែ​ខ្ញុំ​ចង់​ធ្វើ​បទ​ខ្មែរ​ឲ្យ​អាគាំង​ស្តាប់​ម្តង​»។ អ្នក​នាង Sophaline Mao ​បន្ថែម​ថា៖​«បើ​យើង​អត់​ធ្វើ គឺ​យើង​អត់​ដឹង​ថា យើង​ទទួល​ការ​គាំទ្រ​ប៉ុនណា​ទេ ហើយ​អ្វី​ដែល​យើង​ធ្វើ​នៅ​ពេល​នេះ គឺ​ចង់​បំផុស​វប្បធម៌ និង​ភាសា​ខ្មែរ​របស់​យើង​នៅ​អាមេរិក​ ធ្វើ​ឲ្យ​កូន​ខ្មែរ​ខំ​រៀន​ភាសា​ខ្លួន​ឡើង​វិញ និង​ស្តាប់​ចម្រៀង​ខ្មែរ​។ ដូច​ដឹង​ហើយ កូន​ខ្មែរ​នៅ​អាមេរិក​ឥឡូវ​ភាគ​ច្រើន​គេ​អត់​ចង់​និយាយ​ភាសា​កំណើត​គេ​ទេ​»។ មិនមែន​ជា​ការ​លេង​សើច​ នេះ​ជា​ការ​ព្យាយាម​យ៉ាង​ខ្លាំង​របស់ Jay Chan និង​ក្រុម​ការងារ​ក្នុង​ការ​រំលេច​ចេញ​ឲ្យ​ឃើញ​ពី​ស្នាដៃ​មួយ​នេះ​។ Jay Chan ឲ្យ​ដឹង​ថា ការ​ផលិត​ស្នាដៃ​មួយ​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​ ពោល​គឺ​ក្រុម​ការងារ​របស់​គេ​មាន​ឧបសគ្គ​ជា​ច្រើន​ទាំង​ការ​ប្រើ​ភាសា លទ្ធភាព និង​ពេល​វេលា​។ តារា​ចម្រៀង​មាន​ត្រេ​មុខ​ស្រដៀង​តារា​ចម្រៀង​លោក សូលីដូ រូប​នេះ​និយាយ​ថា៖​«​ខ្ញុំ​មាន​ការ​លំបាក​ច្រើន​ ព្រោះ​ខ្ញុំ​អាច​សរសេរ​បទ​ចម្រៀង​បាន តែ​ខ្ញុំ​គ្មាន​អ្នក​ជួយ​សម្រួល​ខ្ញុំ​ទេ ហើយ​ក្រុម​ការងារ​ម្នាក់​ៗ​​សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​ពេញ​ម៉ោង យើង​ឆ្លៀត​ពេល​នៅ​ចុង​សប្តាហ៍​ទាំង​អស់​គ្នា។ អ្វី​ដែល​សំខាន់​នោះ គឺ​ក្រុម​ការងារ​យើង​មិន​ទាន់​មាន​លទ្ធភាព​អ្វី​ធំ​ដុំ​នៅ​ឡើយ​»។ បន្ទាប់​ពី​បទ​ចម្រៀង «​ចម្លើយ​ចុង​ក្រោយ» ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​អាមេរិក​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ នៅ​ពេល​នេះ បទ​ចម្រៀង​នេះ ក៏​កំពុង​អន្ទង​អារម្មណ៍​ទស្សនិកជន​កម្ពុជា​មិន​តិច​ដែរ តាម​រយៈ​ការ​ទស្សនា Youtube ។ Jay Chan បាន​ឲ្យ​ដឹង​បន្ត​ថា ក្រៅ​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​នៅ​អាមេរិក បទ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ពួក​ជន​ជាតិ​អាមេរិក​ដែរ​ ប៉ុន្តែ​បញ្ហា​ភាសា​ជា​កត្តា​ដែល​ពួក​គេ​ពិបាក​ទទួល​យក​។ រូប​គេ​បាន​បន្ត​ថា ទីផ្សារ​សំខាន់​សម្រាប់​បទ​ចម្រៀង​គេ គឺ​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​បង​ប្អូន​ខ្មែរ​រស់​នៅ ហើយ​អ្វី​ដែល​រូប​គេ​ចង់​បាន​គឺ​ការ​គាំទ្រ​ពី​ប្រទេស​កម្ពុជា​។ Jay Chan អ្នក​ចម្រៀង​ខ្មែរ​ធំ​ដឹង​ក្តី​លើ​ទឹក​ដី​អាមេរិក​រូប​នេះ​និយាយ​ថា៖​« ក្នុង​រយៈ​ពេល​២​សប្តាហ៍ បន្ទាប់​ពី​ខ្ញុំ​បង្ហោះ​ក្នុង​ Youtube មាន​អ្នក​គាំទ្រ​១៥ ០០០​នាក់ ៦០​ភាគរយ​ជា​អ្នក​នៅ​អាមេរិក។ ជា​ដំបូង ខ្ញុំ​ចង់​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ នៅ​ស្រុក​ខ្មែរ ហើយ​ទីផ្សារ​បទ​ចម្រៀង​ខ្ញុំ​គឺ​នៅ​បណ្តា​ប្រទេស​មាន​បង​ប្អូន​ខ្មែរ​ច្រើន ដូច​ជា​នៅ​អាមេរិក កាណាដា អូស្ត្រាលី ជា​ដើម​។ ដោយ​ឡែក​ពួក​អាគាំង​ក៏​ចូល​ចិត្ត​បទ​នេះ​ដែរ តែ​ពួក​គេ​សួរ​ថា មាន​អត្ថន័យ​យ៉ាង​ម៉េច...សើច​»។ បទ​ចម្រៀង​អាល់​ប៊ុម​ដំបូង​របស់ Jay Chan នឹង​ចេញ​លក់​នៅ​ពេល​ឆាប់ៗ​នេះ ហើយ​រូប​គេ​បញ្ជាក់​ថា នៅ​ពេល​អនាគត​រូប​គេ​គ្រោង​នឹង​ផលិត​បទ​ចម្រៀង​ដែល​មាន​ភាសា​ខ្មែរ​ពាក់​ កណ្តាល និង​អង់គ្លេស​ពាក់​កណ្តាល​ ហើយ​បើ​អាច​លោក​រួម​នឹង​ក្រុម​ការងារ នឹង​បង្កើត​ផលិតកម្ម​ខ្មែរ​មួយ​នៅ​លើ​ទឹក​ដី​អាមេរិក។ លោក​អ្នក​អាច​ទស្សនា​បទ «ចម្លើយ​ចុង​ក្រោយ» ដ៏​ពីរោះ​របស់ Jay Chan តាម​រយៈ http://www.youtube.com/watch?v=XIp__nguqjQ ឬ​ក៏​លោក​អ្នក​គ្រាន់​តែ​បើក​គេហ​ទំព័រ Youtube ហើយ​វាយ​ឈ្មោះ​ Jay Chan នោះ​លោក​អ្នក​នឹង​ទស្សនា​បាន​ភ្លាម៕

No comments:

Post a Comment

Blog Archive-វីដេអូកម្សាន្តមុនៗ

Video Bar

Loading...